យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលបានបង្ហាញឲ្យដឹងថា ជនជាតិវៀតណាម ជិត ២៥០ ០០០ នាក់ ឥឡូវនេះបានចុះឈ្មោះចូលរៀននៅសាលា និងសាកលវិទ្យាល័យនៅបរទេស ដែលជាតួលេខដ៏ខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រសួងបានបង្ហាញទៀតថា សិស្សប្រហែល ៤ ០០០ នាក់ ត្រូវបានគាំទ្រដោយអាហារូបករណ៍ដែលឧបត្ថម្ភដោយរដ្ឋ ខណៈពេលដែលចំនួននៅសេល់ផ្សេងទៀតពឹងផ្អែកលើមធ្យោបាយឯកជន ឬជំនួយហិរញ្ញវត្ថុផ្សេងទៀត។
យ៉ាងណាមិញចំពោះទិសដៅពេញនិយមបំផុតរួមមានកូរ៉ែខាងត្បូង ដែលមាននិសិស្សវៀតណាម ចំនួន ៤៣ ៣០០ នាក់ ជប៉ុន មាន ៣៦ ៣០០ នាក់ អូស្រា្តលី មាន ៣៣ ០០០ នាក់ សហរដ្ឋអាមេរិក មាន ៣១ ៣០០ នាក់ តៃវ៉ាន់ ២៧ ៤០០ នាក់ ចិន ២៣ ៥០០ នាក់ និងកាណាដា មានន ១៧ ១០០ នាក់។
គួរឲ្យដឹងផងដែរថា របាយការណ៍ចុងក្រោយមួយនៅចុងឆ្នាំ២០២៣ បានបង្ហាញថា ចំនួនជនជាតិវៀតណាមជាង ២០០ ០០០ នាក់បានទៅរៀននៅបរទេស ដែលជាកម្រិតខ្ពស់បំផុត ធៀបទៅនឹងកម្រិតមុនមានជំងឺរាតត្បាតកូវីដ១៩ ឆ្នាំ២០២០។
ជម្រាបជូនថា យោងតាមអនុរដ្ឋមន្ត្រីក្រសួងអប់រំ លោក Nguyen Van Phuc បាននិយាយកាលពីឆ្នាំមុនថា ការកើនឡើងនេះឆ្លុះបញ្ចាំងពីការពង្រីកការចូលរួមជាសកលរបស់វៀតណាម និងកសាងធនធានពីបរទេសដែលមានទេពកោសល្យគុណភាពខ្ពស់ សម្រាប់យកមកអភិវឌ្ឍអនាគតរបស់ប្រទេស៕

