IEA ព្រមានថាការផ្គត់ផ្គង់ប្រេងសកលនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ​ ដល់កម្រិតប្រកាសអាសន្ន

អន្តរជាតិ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ និងតម្រូវការប្រេងសកលមើលទៅហាក់ដូចជាធ្លាក់ចុះបន្ថែមទៀតលើសពីការរំពឹងទុកនៅឆ្នាំនេះ ដោយសារតែកង្វះវឌ្ឍនភាពនៃការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាដែលបានពន្យារពេលការវិលត្រឡប់មកវិញនូវលំហូរប្រេងធម្មតានៅតំបន់មជ្ឈិមបូព៌ារហូតដល់ឆ្នាំ២០២៧ និងបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកាន់តែកើនឡើងខ្លាំង។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារ IEA បានបង្ហាញឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកក្នុងឆ្នាំ២០២៦ ឥឡូវនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៥,៧ លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៦%។ តួលេខនេះបានកើនឡើងពីការធ្លាក់ចុះប្រហែល ៤% ដែលបានព្យាករកាលពីមុន។

គួរឲ្យដឹងថា ការកើនឡើងនៃការវាយប្រហារលើនាវាដឹងប្រេងតាមផ្លូវនាវាចរណ៍នៅមជ្ឈិមបូព៌ា បានរួមចំណែកធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងដល់កម្រិតជាង ១០០ដុល្លារក្នុងមួយបារ៉ែលក្នុងសប្តាហ៍នេះជាលើកដំបូងចាប់តាំងពីខែឧសភាមក។ ប្រេងដែលចម្រាញ់រួចបានកើនឡើងកាន់តែខ្លាំង ដោយប្រេងឥន្ធនៈដូចជាប្រេងម៉ាស៊ូតបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបានបំផ្លាញរោងចក្រចម្រាញ់ប្រេងធំៗជាច្រើន។

យ៉ាងណាមិញ​បើទោះបីជាតម្រូវការកំពុងធ្លាក់ចុះដោយសារសម្ពាធនៃតម្លៃប្រេងឥន្ធនៈខ្ពស់ក៏ដោយ ការផ្គត់ផ្គង់ក៏កំពុងធ្លាក់ចុះលឿនជាងការរំពឹងទុកផងដែរ ដែលបង្ខំឱ្យស្តុកប្រេងត្រូវបាត់បង់ក្នុងកម្រិតកំណត់ត្រាខ្ពស់បំផុត។ IEA បាននិយាយទៀតថា ស្តុកប្រេងសកលឥឡូវនេះបានធ្លាក់ចុះ ៣,១ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា ដែលជាកម្រិតទាបំផុតនិងបានឃើញជាលើកចុងក្រោយក្នុងឆ្នាំ២០២៣។

IEA ក៏បានសង្កត់ធ្ងន់ទៀតថាដោយសារកម្រិតបម្រុងទុកកាន់តែរួមតូច និងប្រព័ន្ធចម្រាញ់ប្រេងសកលត្រូវប្រឈមនឹងកម្រិតកំណត់ ការស្វែងរកកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីជៀសវាងការតឹងតែងទីផ្សារបន្ថែមទៀត៕​