ប្រធាន IMF ៖”AI នឹងផ្តល់ផលប៉ះពាល់ ៦០% ដល់ការងាររបស់មនុស្ស ក្នុងប្រទេសជឿនលឿន”

អន្តរជាតិ

ដោយនិយាយនៅមុនពេលចេញដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ក្នុងប្រទេសស្វីស ប្រធាន IMF លោកស្រី Kristalina Georgieva បានធ្វើការព្រមានថា បញ្ញាសិប្បនិមិត្ត (AI) នឹងផ្តល់ផលប៉ះពាល់ដល់ការងាររបស់មនុស្សរហូតដល់ទៅ ៦០% ឯណោះ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Kristalina បាននិយាយដូច្នេះ ក្នុងអំឡុងផ្តល់បទសម្ភាសមួយនៅទីក្រុងវ៉ាស៊ីនតោនថា ៖ ” ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារកំពុងរីកចម្រើនមួយចំនួន នឹងឃើញពីផលប៉ះពាល់យ៉ាងច្រើន ដោយសារតែ AI ក្នុងការចូលទៅជំនួសការងាររបស់មនុស្ស “។

លោកស្រីបានបន្ថែមទៀតថា ៖ ” មិនត្រឹមតែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះទេ AI ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់មនុស្ស នៅក្នុងប្រទេសកំពុងរីកចម្រើន ៤០% និង ២៦% នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ផងដែរ “។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ IMF រូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការងាររបស់មនុស្សអាចនឹងរលាយបាត់ទាំងស្រុង ដោយសារតែបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿនខ្លាំង ដូច្នេះហើយបញ្ញាសិប្បនិម្មិត AI នឹងចូលមកជំនួសការងាររបស់មនុស្សជាច្រើន ។

ជុំវិញបញ្ហានេះ លោកស្រី Kristalina បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP ថា IMF កំពុងព្យាយាមស្វែងរកដំណោះស្រាយសំខាន់មួយ ដើម្បីដាក់ចេញគោលនយោបាយក្នុងការជួយដោះស្រាយកង្វល់ទាំងនេះ ជាមួយនឹងការផ្តោតលើការជួយប្រទេសដែលមានប្រាក់ចំណូលទាប ដើម្បីផ្លាស់ទីលឿនជាងមុនក្នុងការចាប់យកឱកាស មុនពេលបញ្ញាសិប្បនិម្មិតចូលមកគ្រប់គ្រងប្រព័ន្ធការងាររបស់មនុស្សទាំងស្រុង៕