Microsoft គ្រោងកាត់បន្ថយបុគ្គលិកជិត ៤%​ ទូទាំងពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការកាត់បន្ថយជិត ៤% នៃបុគ្គលិកសរុបទូទាំងពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធសារឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២ ខែកក្កដា ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ៩ ០០០ នាក់ ឬស្មើទៅនឹងជិត ៤% នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ខណ:ការកាត់បន្ថយនេះ អាចនឹងប៉ះពាល់ដល់បុគ្គលិកផ្នែកគ្រប់គ្រង និងផ្នែកសម្រួលផលិតផល និងផ្នែកដំណើរការការងារផ្សេងៗ ។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងអ៊ីមែលមួយថា៖ “យើងនឹងបន្តធ្វើការផ្លាស់ប្តូរអង្គភាពចាំបាច់​ដើម្បីដាក់ក្រុមហ៊ុននៅក្នុងទីតាំងដ៏ល្អបំផុត និងក្រុមគាំទ្រ ដើម្បីទទួលបានជោគជ័យ នៅក្នុងទីផ្សារដែលកំពុងមានការផ្លាស់ប្តូរជានិច្ច” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកជាច្រើនលើករួចមកហើយ នៅឆ្នាំនេះ។ នៅក្នុងខែមករា ក្រុមហ៊ុនបានប្រកាសកាត់បន្ថយជិត ១% នៃកម្លាំងពលកម្មរបស់ខ្លួន ដោយផ្អែកលើការអនុវត្ត។ ហើយនៅក្នុងខែឧសភា ក្រុមហ៊ុនបានបន្តបញ្ឈប់បុគ្គលិកចំនួន ៦ ០០០​នាក់ទៀត។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះ មានបុគ្គលិកសរុបចំនួន ២២៨ ០០០​ នាក់៕