ឧកញ៉ា តាន់ មុនីវណ្ណ ដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចពិភាក្សាការងាររវាងសហគ្រាសវៀតណាមនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុង កិច្ចពិភាក្សាការងាររវាងសហគ្រាសវៀតណាមនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសហគ្រិនវៀតណាម-កម្ពុជាជាច្រើនរូប។

បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចពិភាក្សានេះមានគោលបំណងបង្កើតវេទិកាផ្លាស់ប្តូរយោបល់ដោយផ្ទាល់រវាង សហគមន៍អាជីវកម្មវៀតណាមនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដើម្បីស្តាប់ និងប្រមូលផ្តុំបញ្ហាប្រឈមរបស់វិស័យឯកជន ស្វែងរកដំណោះស្រាយ និងពង្រឹងការយល់ដឹងអំពីគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជា។

ជាមួយគ្នានេះ កិច្ចសន្ទនាក៏ផ្តោតលើការកែលម្អបរិយាកាសវិនិយោគ ការពង្រឹងទំនាក់ទំនងរវាងសហគ្រាស និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្មកម្ពុជា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ និងការពង្រីកសកម្មភាពអាជីវកម្មដែលមានស្រាប់។

កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ព្រមទាំងការរួមចំណែករបស់វិស័យឯកជនក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។