ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងបិទការលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ IPO នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤ល្ងាចនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

គួររំឭកថា ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) បានប្រកាសលក់ភាគហ៊ុន មុនពេលឡើងផ្សារភាគហ៊ុន ដែលគេហៅថា IPO ក្នុងតម្លៃតែ ១២០០រៀល ក្នុងមួយភាគហ៊ុន ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ និងបានពន្យាពេលដល់ថ្ងៃទី១៥ ខែកញ្ញានេះ។ ទស្សនៈជាច្រើនយល់ថា ភាគហ៊ុនរបស់ BVS នឹងឡើងថ្លៃលើស ១២០០រៀល ក្រោយពេលឡើងផ្សារភាគហ៊ុន នៅដើមខែតុលា ឆ្នាំ២០២៦។
សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ធ្លាប់បានបញ្ជាក់ថា រឿងដែលដាច់ខាតត្រូវធ្វើបន្ទាប់ពីទទួលបានថវិកាពីទីផ្សារភាគហ៊ុន គឺក្រុមហ៊ុនរបស់លោក នឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី វិមានសំណាង ដោយប្រើរយៈពេល ១ឆ្នាំពេញ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែតុលា ឆ្នាំ២០២៧។




