លោក ត្រាំ គំរាមបិទមជ្ឈមណ្ឌល Kennedy ចោល បើមិនព្រមប្តូរដាក់ឈ្មោះរបស់លោក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងបិទមជ្ឈមណ្ឌល Kennedy ចោលជាអចិន្ត្រៃយ៍ ប្រសិនបើវាមិនត្រូវបានផ្លាស់ប្តូរដាក់តាមឈ្មោះរបស់លោកទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅថ្ងៃទី១៥ ខែកញ្ញា ថា ក្រុមប្រឹក្សាភិបាលដែលលោកបានតែងតាំងនៅមជ្ឈមណ្ឌល Kennedy បានបោះឆ្នោត “ស្ទើរតែជាឯកច្ឆន្ទ” រួចទៅហើយដើម្បីបិទទីតាំងនេះសម្រាប់ការជួសជុលបន្ទាន់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីចៅក្រមសហព័ន្ធអាមេរិកបានសម្រេចថា ឈ្មោះរបស់លោកមិនអាចយកទៅភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលនេះបានឡើយ។

មិនតែប៉ុណ្ណោះមេដឹកនាំអាមេរិករូបនេះបានព្រមានទៀតថាការជួសជុលដ៏ធំ និងស្មុគស្មាញ នៅមជ្ឈមណ្ឌល Kennedy នឹងមិនអាចចាប់ផ្តើមបានទេ រហូតទាល់តែតុលាការជាន់ខ្ពស់ចេញដីការឿងការប្តូរឈ្មោះទីតាំងនេះ។

លើសពីនេះ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា៖ “ប្រសិនបើសេចក្តីសម្រេចចេញមកក្នុងន័យអវិជ្ជមាន ដែលមិនអាចកើតឡើង ហើយមិនត្រូវបានលុបចោលដោយតុលាការកំពូលទេនោះ ការកសាងឡើងវិញ និងការជួសជុលមជ្ឈមណ្ឌល Kennedy នឹងមិនអាចធ្វើទៅបាននោះឡើយ”។

រំឮកថា ភ្លាមៗបន្ទាប់ពីចាប់ផ្តើមអាណត្តិទីពីរ ប្រធានាធិបតី ត្រាំ បានតែងតាំងខ្លួនឯងជាប្រធានមជ្ឈមណ្ឌល Kennedy ដែលជាគ្រឹះស្ថានមួយត្រូវបានដាក់ឈ្មោះដើម្បីផ្តល់កិត្តិយសដល់អតីតប្រធានាធិបតី លោក John F. Kennedy។

កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានបោះឆ្នោតប្តូរឈ្មោះទីតាំងនេះទៅជា “មជ្ឈមណ្ឌល Trump-Kennedy” និងបានបំពាក់ផ្លាកសញ្ញាដែលមានឈ្មោះប្រធានាធិបតី Trump នៅលើអគារនោះផងដែរ។ ប៉ុន្តែក្រោយមកចៅក្រមសហព័ន្ធ Christopher Cooper បានចេញមុខបដិសេធ និងបញ្ជាឱ្យដោះផ្លាកសញ្ញានោះចេញវិញ ព្រមទាំងលុបចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការប្តូរឈ្មោះលើមជ្ឈមណ្ឌលនេះផងដែរ៕​