មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន១០ ខណៈកម្ពុជា ប្តេជ្ញាជំរុញការវិនិយោគរោងចក្រដំឡើងរថយន្តនេះបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូលរថយន្តសម្រេច ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុកជាដើម។

នេះបើតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចមហាបវរធិបតីអញ្ជើញចូលរួម ការដាក់សម្ពោធឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន១០ រោងចក្រមិនទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគចំនួន៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
ដោយឡែក គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមានរោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៣,៣៥៧រោងចក្រ នៅរាជធានី-ខេត្តទាំង២៥ ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ១.៣៦លាននាក់ និងមានទុនវិនិយោគសរុបជាង២៨ប៊ីលានដុល្លារអាមេរិក។
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជួយកាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកវិញនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ហេតុនេះ រដ្ឋាភិបាល ប្តេជ្ញាជំរុញការវិនិយោគលើផ្នែកនេះ ឱ្យបានច្រើនថែមទៀត៕ អត្ថបទ៖ហ្សាលីន

