ក្រុមហ៊ុនធំមួយ មកស្វែងយល់ឱកាសវិនិយោគ និងអភិវឌ្ឍន៍អាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Chery Automobile Group Chery Automobile Co., Ltd. ដែលជាក្រុមហ៊ុនធំមួយ បានជួបពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់ឱកាសវិនិយោគ និងអភិវឌ្ឍន៍អាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយ គណៈប្រតិភូក្រុមហ៊ុន Chery Automobile Group Chery Automobile Co., Ltd. ដែលដឹកនាំដោយលោក YURUI ZHAO អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន OMADA (CHERY)។

នាឱកាសនោះ គណៈប្រតិភូរបស់ក្រុមហ៊ុន Chery Automobile Group បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។តំណាងគណៈប្រតិភូ ក៏បានប្រាប់ពីគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សាររថយន្ត បរិយាកាសវិនិយោគ និងឱកាសអភិវឌ្ឍន៍អាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលបរិយាកាសវិនិយោគ និងការផ្តល់កិច្ចសម្រួលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ហ្សាលីន