ការបំពុលខ្យល់ដោយភាគល្អិតៗ PM2.5 បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃខាតបង់ទឹកប្រាក់អស់ប្រមាណ ៤៥,៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬស្មើនឹង ៣,៨៩% នៃផលិតផលក្នុងសរុបសរុប GDP របស់ខ្លួន ដែលជាតួលេខខ្ពស់បំផុតទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក (World Bank)។

យោងតាមកាសែត The Nation ដែលបានដកស្រង់តួលេខបង្ហាញក្នុងសិក្ខាសាលានាពេលថ្មីៗនេះ បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី២០ ក្នុងចំណោម ១៨០ ប្រទេសនៅលើពិភពលោក ពាក់ព័ន្ធនឹងបន្ទុកថ្លៃដើមថែទាំសុខភាពដែលបង្កឡើងដោយការបំពុលខ្យល់ធ្ងន់ធ្ងរ PM2.5។
មិនតែប៉ុណ្ណោះ ការបំពុលខ្យល់ដែលអូសបន្លាយពេលយូរក៏បានកាត់បន្ថយផលិតភាពរបស់អ្នកធ្វើការទាំងក្នុង និងក្រៅអគារ បង្កើនការឈប់សម្រាកពីការងារ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ កាត់បន្ថយចំណូលពីវិស័យទេសចរណ៍ និងធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះនៅក្នុងតំបន់ដែលមានការបំពុលធ្ងន់ធ្ងរផងដែរ។
លើសពីនេះ ការបំពុលក្នុងរយៈពេលវែង នាំឲ្យមានការកើតឡើងនូវអ័ព្ទផ្សែងពុលជាបន្តបន្ទាប់ក្នុងអំឡុងរដូវប្រាំងនីមួយៗ ដែលបានធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការទាក់ទាញពលករជំនាញខ្ពស់ និងទេសចរដែលមានកម្រិតចំណាយខ្ពស់ ព្រមទាំងបំផ្លាញគុណភាពនៃកម្លាំងពលកម្មនាពេលអនាគត ដោយសារតែផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍរាងកាយ និងប្រាជ្ញារបស់កុមារថែមទៀតផង។
គួរជម្រាបជូនថា នៅក្នុងបរិបទនេះ សកម្មជនបរិស្ថាន និងអ្នកសេដ្ឋកិច្ចនានាបានព្រមានថា ការពន្យារពេលជាបន្តបន្ទាប់ក្នុងការអនុម័តសេចក្តីព្រាងច្បាប់ខ្យល់ស្អាត (Clean Air Bill) នៅក្នុងសភាថៃ កំពុងក្លាយជាឧបសគ្គចម្បងដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសជាតិទាំងមូល៕

