កសិផល៤ប្រភេទរបស់កម្ពុជា នឹងត្រៀមបើកទ្វារនាំចេញទៅកាន់ប្រទេសចិនឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ចិន បានបង្ហាញចំណាប់អារម្មណ៍លើការនាំចូលកសិផលសក្កានុពលកម្ពុជាមកកាន់ទីផ្សារប្រទេសចិនលើកសិផល៤ប្រទេស រួមមាន ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ទុរេន ផ្លែមៀន នាពេលឆាប់ៗខាងមុខ។ ដំណឹងដ៏ល្អមួយនេះលេចចេញឡើងក្នុងជំនួបរវាង ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក គី ច័ន្ទរំដួល ក្នុងដំណើរបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ ខេត្តហឺណាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណពង្រីកទំហំនៃការនាំចេញកសិកម្មកម្ពុជា មកកាន់ទីផ្សារលក់ដុំប្រទេសចិន​និងចែកចាយបន្ដទៅទីផ្សារនានា។នាឱកាសនៃដំណើរទស្សនៈកិច្ចនោះផងដែរ លោក គី​ ច័ន្ទរំដួល ក៏បានជួបពិភាក្សាជាមួយ លោក Fang Guogen អគ្គនាយកនៃមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ អំពីកាលានុវត្តភាពវិនិយោគចំនួន ៣រួមមាន៖(១)ការវិនិយោគនាំចេញកសិកម្មសក្កានុពលកម្ពុជា​ ដែលបានចុះពិធីសាររួចជាមួយនឹងអគ្គរដ្ឋបាលគយចិន (២)ការវិនិយោគនាំចូលធាតុចូលកសិកម្ម​ ព្រមទាំងគ្រឿងយន្ដកសិកម្ម បច្ចេកវិទ្យាទំនើបកសិកម្មជាដើម ពីប្រទេសចិនមកទីផ្សារកម្ពុជា និង(៣)ការបណ្តាក់ទុនវិនិយោគដោយផ្ទាល់(FDI) នៅប្រទេស កម្ពុជា​ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញ(QIP) ហើយស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន។

ឆ្លៀតក្នុងឱកាសនោះ លោក ​ គី​ ច័ន្ទរំដួល​ បានអញ្ជើញអ្នកវិនិយោគចិន ចូលរួមព្រឹត្តិការណ៍ពិព័រណ៌កសិកម្មកម្ពុជា(CAFE26) ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខនេះ ។ ភាគីចិន ក៏បានអះអាងថានឹងធ្វើទស្សនៈកិច្ចទៅប្រទេសកម្ពុជានាពេលខាងមុខឆាប់ៗនេះ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅ​ និងជំរុញលើការវិនិយោគកសិ-ពាណិជ្ជកម្ម៕