ក្រុមហ៊ុន Mitsubishi Corp. ដែលជាក្រុមហ៊ុនពាណិជ្ជកម្មធំជាងគេមួយរបស់ជប៉ុន ថ្មីៗនេះបានប្រកាសថានឹងវិនិយោគទុនរហូតដល់ ៤៤,៦ពាន់លានប៉េសូ (ប្រហែល ៧១១លានដុល្លារអាមេរិក) ដើម្បបង្កើនភាគហ៊ុនរបស់ខ្លួនដល់ទៅបីដងនៅក្នុងក្រុមហ៊ុន Ayala Corp ដែលគ្រប់គ្រងដោយមហាសេដ្ឋី Jaime Zobel de Ayala និងគ្រួសារលោក។

យោងតាមសារព័ត៌មាន Forbes បានបង្ហាញថា ក្រោមប្រតិបត្តិការនេះ ក្រុមហ៊ុន Mitsubishi នឹងទិញភាគហ៊ុនចំនួន ៦៨,៦លានភាគហ៊ុន ក្នុងតម្លៃ ៦៥០ប៉េសូក្នុងមួយភាគហ៊ុន ដែលនឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Ayala (មានមូលដ្ឋាននៅទីក្រុងម៉ានីល) ដល់ ១៥% ពីចំនួន ៤,៧%។
លោក Jaime Augusto Zobel de Ayala ប្រធានក្រុមហ៊ុន Ayala បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ប្រតិបត្តិការនេះតំណាងឱ្យអ្វីដែលលើសពីការវិនិយោគទុនទៅទៀត។ វាឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងដែលបានកសាងឡើងជាច្រើនឆ្នាំមកនេះ និងការតម្រឹមទិសដៅយ៉ាងស៊ីជម្រៅលើតម្លៃនៃការគិតគូររយៈពេលវែង និងការគ្រប់គ្រងអាជីវកម្មដោយទទួលខុសត្រូវ”។
ក្រុមហ៊ុន Mitsubishi ដែលមានការិយាល័យកណ្តាលនៅទីក្រុងតូក្យូ បានវិនិយោគលើកដំបូងនៅក្នុងក្រុមហ៊ុន Ayala ក្នុងឆ្នាំ១៩៧៤ នៅពេលដែលក្រុមហ៊ុននេះផ្តោតជាសំខាន់លើអចលនទ្រព្យ និងវិស័យធនាគារ។ លើសពីនេះ ក្រុមហ៊ុន Mitsubishi ក៏កំពុងទិញភាគហ៊ុនអាទិភាពដែលមានសិទ្ធិបោះឆ្នោត ក្នុងតម្លៃ ៧១,៩លានប៉េសូផងដែរ។ នេះបើយោងតាមសារព័ត៌មាន InsiderPH។
គួរជម្រាបជូនថា លោក Jaime Zobel និងគ្រួសារ ស្ថិតនៅក្នុងចំណោមមហាសេដ្ឋីដែលមានជាងគេបំផុតនៅប្រទេសហ្វីលីពីន ដោយមានទ្រព្យសម្បត្តិសរុប ២,៨ពាន់លានដុល្លារ គិតត្រឹមខែសីហា៕

