ក្រុមហ៊ុនវិនិយោគលំដាប់កំពូល Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រកាសថាពួកគេលែងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD ទៀតហើយ បន្ទាប់ពីបានលក់ចេញជាបន្តបន្ទាប់ អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថូត្រីមាសទី១ របស់ក្រុមហ៊ុន Berkshire Hathaway Energy ដែលជាបុត្រសម្ព័ន្ធរបស់ Berkshire ដែលជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន BYD នោះ បង្ហាញឲ្យដឹងថា ការវិនិយោគរបស់ពួកគេគិតត្រឹមថ្ងៃទី៣១ ខែមីនា នៅក្នុងក្រុមហ៊ុនចិន គឺស្មើ០។ អ្នកនាំពាក្យរបស់ Berkshire ក៏បានបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននេះក៏បានដ៏ខ្លួនចេញពី BYD ទាំងស្រុងផងដែរ។
គួរឲ្យដឹងផងដែរថា Berkshire បានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន BYD ចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ តាមការស្នើសុំរបស់លោក Charlie Munger ដែលជាអតីតអនុប្រធានក្រុមហ៊ុន Berkshire Hathaway ។
នៅពេលនោះក្រុមហ៊ុនបានបង់ប្រាក់ចំនួន ២៣០លានដុល្លារ ដើម្បីទិញភាគហ៊ុនចំនួន ២២៥លានហ៊ុន ឬស្មើទៅនឹង ១០% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។
តែទោះជាយ៉ាងណាក៏ដោយចាប់ពីឆ្២០២២ ក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett បានចាប់ផ្តើមលក់ភាគហ៊ុនជាបន្តបន្ទាប់ ក្រោយពីភាគហ៊ុន BYD បានកើនឡើងច្រើនជាង ២០ដង។ គិតត្រឹមខែមិថុនាឆ្នាំមុន ពួកគេបានលក់ភាគហ៊ុនជិត ៧៦% នៃការកាន់កាប់របស់ពួកគេ ដោយទុកឱ្យ Berkshire មានភាគហ៊ុនតិចជាង ៥% ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មហាសេដ្ឋី Warren Buffett មិនដែលពន្យល់លម្អិតពីមូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចលក់ភាគហ៊ុន BYD នោះឡើយ៕

