តម្លៃមាសអន្តរជាតិបន្តហក់ឡើងកាន់តែខ្លាំង ក្រោយអាមេរិកវាយប្រហារវេណេស៊ុយអេឡា

អន្តរជាតិ

ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើប្រទេសវេណេស៊ុយអេឡា បានបន្តធ្វើឲ្យមាសក្លាយជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពដែលមានតម្រូវការខ្ពស់ ខណៈពេលដែលស្ថានភាពនេះក៏បានជំរុញតម្លៃភាគហ៊ុនអាមេរិក កើនឡើងខ្ពស់ដល់កម្រិតកំណត់ត្រា ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី៥ ខែមករា តម្លៃមាសបានកើនឡើង ១១៧ដុល្លារភ្លាមៗ ដល់ ៤ ៤៤៨ដុល្លារ ក្នុងមួយអោន។ នេះក៏ជាកម្រិតដ៏ខ្ពស់បំផុតមួយផងដែរ គិតចាប់តាំងពិថ្ងៃទី២៩ ខែធ្នូ ឆ្នាំមុនមក។

ទន្ទឹមនឹងនេះ បើតាមលោក Alexander Zumpfe អ្នកជួញដូរមាសប្រចាំនៅ Heraeus Metals Germany បាននិយាយថា ៖”​ស្ថានភាពនៅវេណេស៊ុយអេឡា បានបង្កឲ្យតម្រូវការមាសកាន់តែហក់ឡើងខ្ពស់។ ប៉ុន្តែវាក៏មានការព្រួយបារម្ភចំពោះបញ្ហាផ្សេងទៀត ដូចជាទីតាំងភូមិសាស្រ្ត នយោបាយ ការផ្គត់ផ្គង់ថាមពល និងគោលនយោបាយរូបិយវត្ថុផងដែរ”។

មិនតែប៉ុណ្ណោះ ជុំវិញស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡានេះ ក៏បានជំរុញទីផ្សារភាគហ៊ុនអាមេរិក កើនឡើងយ៉ាងខ្លាំងផងដែរ។ ក្នុងនោះសន្ទស្សន៍ហ៊ុន DJIA បានកើនឡើងជិត ៦០០ ពិន្ទុដល់កម្រិតខ្ពស់បំផុតគឺ ៤៨ ៩៧ ខណៈសន្ទស្សន៍ហ៊ុន S&P 500 បានបន្ថែម ០.៦៤% ដល់ ៦ ៩០២។ សន្ទស្សន៍ Nasdaq Composite បានបិទបញ្ចប់នៅត្រឹម ២៣ ៣៩៥ កើនឡើង ០.៧%។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា លោកអាចបន្តការវាយប្រហារវេណេស៊ុយអេឡាបន្ថែមទៀត ប្រសិនបើទីក្រុង Caracas រារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបើកទីផ្សារប្រេងរបស់ខ្លួន និងបញ្ឈប់ការជួញដូរគ្រឿងញៀន។ លោកក៏បានបង្ហើបទៀតផងដែរថា លោកនឹងចាត់វិធានការប្រឆាំងនឹងប្រទេសកូឡុំប៊ី និងម៉ិកស៊ិក ទាក់ទងនឹងការជួញដូរគ្រឿងញៀននេះ ដូចគ្នា៕