លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន DeepSeek បានក្លាយជាមហាសេដ្ឋីបង្កើត AI ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីបានកើនឡើងដល់ ៣៦ពាន់លានដុល្លារ ក្រោយការរៃអង្គាសមូលនិធិជុំចុងក្រោយរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិរបស់លោក Liang ភាគច្រើនបានមកពីការកាន់កាប់ភាគហ៊ុនជិត ៧៨% របស់លោក នៅក្នុងក្រុមហ៊ុន AI DeepSeek។ ហើយការរៃអង្គាសមូលនិធិលើកចុងក្រោយកាលពីខែមិថុនា បានធ្វើឲ្យក្រុមហ៊ុនចាប់ផ្តើមថ្មីនេះ កើនតម្លៃទីផ្សាររហូតដល់ ៥០ពាន់លានដុល្លារ និងបានបន្ថែមលុយប្រមាណ ១៩ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោក Liang បន្ថែមទៀត។
មិនតែប៉ុណ្ណោះ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានបង្ហាញថា លោក Liang ឥឡូវនេះស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ជាងលោក Greg Brockman ប្រធានក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥,៥ពាន់លានដុល្លារ និងលោក Dario Amodei សហស្ថាបនិក្រុមហ៊ុន Anthropic ជាអ្នកបង្កើត Claude ដែលមានទ្រព្យសម្បត្តិសរុប ៧,៩៨ពាន់លានដុល្លារ។
គួរជម្រាបជូនថា ចំណាត់ថ្នាក់នេះផ្តោតលើស្ថាបនិកដែលក្រុមហ៊ុនរបស់ពួកគេបង្កើតប្រាក់ចំណូលភាគច្រើនដោយផ្ទាល់ពីការបង្កើតគំរូភាសា AI ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលសហគ្រិនមួយចំនួនទៀត ដែលទទួលបានទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនមកពីផ្នែកផ្សេងទៀតនៃប្រព័ន្ធអេកូឡូស៊ី AI ដូចជាឧបករណ៍អេឡិចត្រូនិក ឬមជ្ឈមណ្ឌលទិន្នន័យ នោះឡើយ៕

