សហភាពអឺរ៉ុប គ្រោងបញ្ឈប់ការទិញចូលឧស្ម័នពីប្រទេសរុស្ស៊ី

អន្តរជាតិ

សហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងទុកថា នឹងប្រកាសពីផែនទីបង្ហាញផ្លូវ ដើម្បីបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបញ្ឈប់ការទិញចូលឧស្ម័នពីប្រទេសរុស្ស៊ី នៅត្រឹមចុងឆ្នាំ ២០២៧ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ផែនការចុងក្រោយនេះ EU នឹងបញ្ឈប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីៗជាមួយរុស្ស៊ី នៅត្រឹមចុងឆ្នាំនេះ ដោយបន្ថែមទៀតថា កិច្ចសន្យាដែលមានស្រាប់នឹងត្រូវលុបចោល នៅចុងឆ្នាំ២០២៧។ តែទោះជាយ៉ាងណាក៏ដោយ ផែនការនេះ ចាំបាច់ត្រូវមានការអនុម័តដោយសភាអឺរ៉ុប និងរដ្ឋជាសមាជិកភាគច្រើន ជាមុនសិន។

បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅឆ្នាំ២០២២ មក សហភាពអឺរ៉ុបក៏បានកំណត់គោលដៅនៃការបញ្ចប់ទាំងស្រុងនូវការនាំចូលឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ីនៅត្រឹមឆ្នាំ២០២៧។ រហូតមកដល់ពេលនេះ EU បានដាក់ទណ្ឌកម្មលើធ្យូងថ្ម និងប្រេងដែលដឹកជញ្ជូនពីប្រទេសរុស្ស៊ី ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយឧស្ម័នរុស្ស៊ីមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ ដោយសារតែមានការជំទាស់ពីសំណាក់ប្រទេសស្លូវ៉ាគី និងហុងគ្រី។ ប្រទេសទាំងពីរនេះ នៅតែទទួលបានឧស្ម័នពីរុស្ស៊ីតាមរយ:បំពង់បង្ហូរ ព្រោះការផ្លាស់ប្តូរទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀត នឹងធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់។

ជម្រាបជូនថា បច្ចុប្បន្ននេះ ប្រហែល ១៩% នៃការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប នៅតែបានមកពីប្រទេសរុស្ស៊ី ហើយជាចម្បងគឺត្រូវបាននាំចូលតាមរយៈបំពង់បង្ហូរ TurkStream និងឧស្ម័នធម្មជាតិរាវ (LNG)។ ការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ពីរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងពីប្រហែល ៤០% មុនពេលជម្លោះផ្ទុះឡើង៕