ជាមួយទុនជិត ១០០ លានដុល្លារ និងការងារជាង ១ ពាន់កន្លែង! Toyota ចាប់ដៃក្រសួងរ៉ែនិងថាមពល បើកទំព័រប្រវត្តិសាស្ត្រថ្មី វាយលុកទីផ្សាររថយន្ត Hybrid និង EV នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរបត់ថ្មីមួយដ៏មានសារៈសំខាន់សម្រាប់វិស័យយានយន្ត និងថាមពលបៃតងនៅកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយ លោក Kensuke Tsuchiya អគ្គនាយកនៃក្រុមហ៊ុន Toyota ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបកំពូលនេះ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបច្ចុប្បន្នភាព និងអនាគតនៃការផលិត ព្រមទាំងការប្រើប្រាស់រថយន្ត Toyota ដោយភ្ជាប់ទៅនឹងការជំរុញសន្ទុះរថយន្តកូនកាត់ (Hybrid) និងរថយន្តអគ្គិសនី (EV) នៅក្នុងទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លងកាត់ការបោះជំហានយ៉ាងរឹងមាំអស់រយៈពេល ៣៣ ឆ្នាំនៅលើទឹកដីកម្ពុជា ក្រុមហ៊ុន Toyota បានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពល ដែលរាជរដ្ឋាភិបាលកំពុងគាំទ្រយ៉ាងពេញទំហឹង និងជំរុញការខិតខំពង្រីកខ្លួនជាបន្តបន្ទាប់។ ជាមួយនឹងទុនវិនិយោគសរុបជិត ១០០ លានដុល្លារអាមេរិក យក្សជប៉ុនមួយនេះមិនត្រឹមតែបានពង្រឹងវត្តមានម៉ាកសញ្ញារបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារដ៏ល្អប្រសើរ និងមានស្ថិរភាពជូនដល់ប្រជាពលរដ្ឋខ្មែររហូតដល់ ១,១២០ នាក់រួចជាស្រេចទៅហើយ។

ការពិភាក្សាគ្នាយ៉ាងស្អិតរមួតរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Toyota លើការជម្រុញរថយន្ត Hybrid និង EV នេះ គឺធ្វើឡើងដើម្បីឱ្យស្របទៅតាមនិន្នាការសកលនៃការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ របត់នៃការផ្លាស់ប្តូរមកប្រើប្រាស់យានយន្តវៃឆ្លាត និងបៃតងនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល ព្រមទាំងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អនាគតនៃការដឹកជញ្ជូនប្រកបដោយបរិស្ថានល្អឆ្ពោះទៅមុខនៅកម្ពុជា។