មន្ត្រីរុស្ស៊ី និងចិនបានចេញមុខប្រឆាំងតវ៉ាយ៉ាងដាច់អហង្ការចំពោះការដាក់ពង្រាយអាវុធនៅក្នុងអវកាសដោយសហរដ្ឋអាមេរិក ដោយបានអំពាវនាវឲ្យមានការលុបបំបាត់អាវុធយោធា និងព្រមានអំពីហានិភ័យនៃការប្រកួតប្រជែងសព្វាវុធនៅក្នុងទីលំហរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃទី១៥ ខែកញ្ញា ថា៖ “យើងជឿជាក់ថាមិនមានអាវុធប្រភេទណាមួយត្រូវបានដាក់ពង្រាយនៅក្នុងអវកាសនោះឡើយ។ យើងសង្ឃឹមថាសហគមន៍អន្តរជាតិនឹងធ្វើការរួមគ្នាដើម្បីឈានទៅរកការលុបបំបាត់អាវុធយោធាទាំងស្រុងនៅក្នុងអវកាស”។
នៅថ្ងៃដដែលនោះ ក្រសួងការបរទេសចិនក៏បានតវ៉ាចំពោះការដាក់ពង្រាយអាវុធក្នុងអវកាស ដោយព្រមានប្រឆាំងនឹងការធ្វើឲ្យអវកាសក្លាយជាសមរភូមិ និងហានិភ័យនៃការផ្ទុះឡើងនូវការប្រកួតប្រជែងសព្វាវុធនៅទីនោះ”។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “យើងសូមដាក់បម្រាមឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការកើនឡើងសមត្ថភាពយោធារបស់ខ្លួននៅក្នុងអវកាស និងការរៀបចំសម្រាប់សង្គ្រាមនៅទីនោះ”។
គួរជម្រាបជូនថា ជុំវិញការអត្ថាធិប្បាយរបស់រុស្ស៊ី និងចិន បានធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក លោក Troy Meink បានប្រកាសកាលពីថ្ងៃទី១៤ ខែកញ្ញា ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានកំពុងមានអាវុធនៅក្នុងកន្លងផែនដីស្រទាប់ទាប ដោយមិនបានបញ្ជាក់ពីប្រភេទរបស់វានៅឡើយនោះទេ។ យោងតាមលោក Meink អាវុធនេះ នឹងត្រូវប្រើដើម្បីគ្រប់គ្រងអវកាស និងការពារកងកម្លាំងអាមេរិកពីសកម្មភាពវាយប្រហាររបស់សត្រូវ៕

