អភិបាលតំបន់ស្វយ័តក្វាងស៊ី ប្តេជ្ញាអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

សង្គម​ និង​សេដ្ឋកិច្ច

លោក WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការប្តេជ្ញាអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិនទាំងនៅប្រទេសចិន និងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស លោកស្រី រដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង

នាឱកាសនោះ លោក WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី បានជម្រាបពីសក្តានុពល ចំណុចពិសេសៗ និងការអភិវឌ្ឍក្នុងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ការសហការលើវិស័យបញ្ញាសិប្បនិម្មិត និងតាមរយៈយន្តការអភិវឌ្ឍរួមគ្នាផ្សេងៗទៀត ដូចជាការអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិនទាំងនៅប្រទេសចិន និងនៅកម្ពុជាជាដើម។

ជាកិច្ចឆ្លើយតប លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសាទរចំពោះនឹងសមិទ្ធផលថ្មីៗនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់តំបន់ស្វយ័តក្វាងស៊ី។ លោកស្រី មានជំនឿថា ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ នឹងបន្តទទួលបានជោគជ័យបន្ថែមទៀត ដែលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងអាស៊ាន និយាយជារួម និងដោយឡែករវាងកម្ពុជានិងចិន។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរួមគ្នាក្នុងការជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជានិងចិនជាសមាជិក រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ កិច្ចសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលដើរតួនាទីសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងចុងក្រោយបានបញ្ជាក់ជាថ្មីអំពីការជំរុញការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ហ្សាលីន