ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចដំឡើងអត្រាការប្រាក់របស់ខ្លួនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២៣ មក ដែលត្រូវគ្នានឹងការព្យាករទុករបស់ទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល ២ថ្ងៃ ទីបំផុត Fed បានប្រកាសដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែម ០,២៥% ពោលគឺបានឡើងដល់ ៣,៧៥% – ៤%។ នេះជាលើកដំបូងហើយគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក នៅដែលស្ថាប័ននេះបានដំឡើងអត្រាការប្រាក់។
យ៉ាងណាមិញ ជុំវិញចំណាត់ការលើកនេះគឺស្របទៅនឹងការព្យាករទុករបស់អ្នកវិភាគផងដែរ។ តួលេខកាលពីសប្តាហ៍មុនបានបង្ហាញថា អតិផរណាក្នុងខែសីហារបស់អាមេរិកនៅតែមិនទាន់ថយចុះ ដែលធ្វើឱ្យមានការព្រួយបារម្ភថា សូចនាករនេះពិបាកនឹងត្រឡប់ទៅរកគោលដៅ ២% វិញ របស់ Fed ណាស់។ រឿងនេះកើតឡើងក្នុងបរិបទដែលប្រេងឆៅពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ដោយបច្ចុប្បន្នមានតម្លៃលើសពី ១០០ដុល្លារក្នុងមួយធុងបារ៉ែលរួចទៅហើយ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតឹងតែង។
គួរឲ្យដឹងថានៅដើមសន្និសីទសារព័ត៌មានបន្ទាប់ពីការដំឡើងអត្រាការប្រាក់នេះ ប្រធាន Fed លោក Kevin Warsh បានរំលឹកឡើងវិញថា អតិផរណាបានកើនឡើងខ្ពស់ជាងគោលដៅអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ លោកបានមានប្រសាសន៍ទៀតថា ៖”ដូច្នេះហើយ អាទិភាពចម្បងរបស់យើងគឺការរក្សាស្ថិរភាពថ្លៃទំនិញ។ ការពិតច្បាស់ណាស់ថា អតិផរណាបានស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់ក្នុងរយៈពេលយូរពេក”៕

