ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប តាមរយៈគម្រោង EU-German CAPSAFE បានបង្ហាញពីការប្តេជ្ញារបស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្សាយចេញកាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ស្ថានទូតអាល្លឺម៉ង់ បានលើកឡើងពីសាររបស់លោកបណ្ឌិត Gidon Windecker អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយបានបង្ហាញយ៉ាងច្បាស់ពីចំណុចសំខាន់នៃសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី «ការវាយតម្លៃហិរញ្ញប្បទានខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទីគ្រប់ជ្រុងជ្រោយ»។ដោយក្នុងនោះ លោកបានបញ្ជាក់បន្តថា បញ្ហាប្រឈមបន្ទាប់ មិនមែនគ្រាន់តែជាការផលិតឱ្យបានច្រើនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែគឺការរក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា»។

ស្ថានទូត បន្ថែមថា សិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី «ការវាយតម្លៃហិរញ្ញប្បទានខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទីគ្រប់ជ្រុងជ្រោយនោះដែរ គឺរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់ស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ អាជីវកម្មពាក់ព័ន្ធនឹងគ្រាប់ស្វាយចន្ទី និងដៃគូអភិវឌ្ឍន៍ ចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពសកម្ម និងបើកចំហ។

តាមរយៈ កិច្ចពិភាក្សានៅក្នុងសិក្ខាសាលាខាងលើ ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងកិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ចីរភាព និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្វាយចន្ទីកម្ពុជា។ នាពេលនោះ ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប តាមរយៈគម្រោង EU-German CAPSAFE គឺមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ និងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក បង្កើតការងារដែលកាន់តែប្រសើរជាងមុន និងរក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបដែរថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បើគិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៨៣១ ១៧៩ តោន ទៅកាន់ប្រទេសវៀតណាម ដោយរកចំណូលបានប្រមាណ ១ ៤៤០ លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យនាំចេញក្រៅផ្លូវការ ដែលទទួលបានពីសមាគមស្វាយចន្ទីកម្ពុជា៕អត្ថបទ៖ហ្សាលីន

