ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើកាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្តរក្រសួង តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងអភិបាលនៃគណអភិបាលខេត្តផងដែរ។

លោកស្រី ចម និម្មល បានបន្តថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ព្រមទាំងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ជាលទ្ធផល លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិនេះ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទី និងបានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរនៃការអនុវត្តគោលនយោបាយជាតិក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ។
លើសពីនេះ កិច្ចប្រជុំគណៈកម្មការនេះ ក៏បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមលើវិស័យនេះ និងបានពិនិត្យស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិនេះ និងជំរុញអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជាថែមទៀតផងដែរ។

សូមជម្រាបដែរថា ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីពេលថ្មីនេះ។
ប្រភពដដែលបន្តថា កម្ពុជា បានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ ហ្សាលីន

