ស្ថាប័នចំនួន២ ចុះ MoU រួមគ្នាគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នចំនួន២ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ បានធ្វើឡើង កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ហើយត្រូវបានចុះហត្ថលេខាដោយ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ មន្រ្តីនគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាលាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ កសស ថ្នាក់ដឹកនាំ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មន្ត្រីរាជការពាក់ព័ន្ធនានា និងពាណិជ្ជករ/អ្នកជំនួញ ដ៏មានសក្តានុពលក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs)។

សូមជម្រាបដែរថា នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការធ្វើបទបង្ហាញអំពី ស្ថានភាពអាជីវកម្ម និងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការធ្វើបទបង្ហាញអំពី បញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងឡូជីស្ទីករបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងជាពិសេស គឺមានកិច្ចពិភាក្សាលើប្រធានបទនិតិវិធីក្នុងការកាត់បន្ថយថ្លៃដើមឡូជីស្ទីកសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍបរិយាកាសធុរកិច្ច ដើម្បីភាពរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាផ្នែកមួយសំខាន់នៃ សសរគ្រឹះសេដ្ឋកិច្ចរបស់ កម្ពុជា៕អត្ថបទ៖ហ្សាលីន