ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះ 

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media Football) និងក្រុមបាល់ទាត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាព នៅលើវាលស្មៅនៃតារាងបាល់ទាត់ NBC Sports ជាលើកដំបូង នាម៉ោង ៦ដល់ម៉ោង៨យប់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមបាល់ទាត់អ្នក​សារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ហើយ​មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស, ទូរទស្សន៍ជាតិកម្ពុជា (TVK) , ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។

សូមជម្រាបថា នេះជាការប្រកួតមិត្តភាពលើកទី៣​ របស់ក្រុមសារព័ត៌មានកម្ពុជា បន្ទាប់ពីប្រកួតមិត្តភាពចំនួនពីរលើកជាមួយ ក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា។ ដូចលើកមុនៗដែរ​ការ​ប្រកួតមិត្តភាពនេះ មិន​ផ្តោតខ្លាំង​ទៅលើលទ្ធផល​នោះទេ ប៉ុន្តែ​ការជួបគ្នា​នៅលើ​វាលស្មៅ​ ដើម្បី​​រឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែ​ស៊ីជម្រៅថែម​ទៀត បន្ថែម​ទៅលើ​ទំនាក់​ទំនង​តាម​រយៈការ​បំពេញការងារ​កន្លងមក។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា ​សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលតែងតែចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានា របស់ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា៕