បង្ក្រាបមជ្ឈមណ្ឌលឆបោកទ្រង់ទ្រាយធំ ដែលលាក់ខ្លួននៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃនៅក្នុងប្រទេសថៃ

អន្តរជាតិ

នគរបាលរបស់ប្រទេសថៃ បានចុះឆែកឆេរភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានចាប់ខ្លួនជនសង្ស័យចំនួន ១៥ នាក់ ដែលប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ដែលមានគោលដៅចម្បងលើជនជាតិជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នគរបាលអន្តោប្រវេសន៍ថៃ បានចុះឆែកឆេរភូមិគ្រឹះពីរជាន់មួយស្ថិតនៅលើផ្លូវ Ekachai ក្នុងខណ្ឌ Bang Bon ទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីទទួលបានតម្រុយពីប្រជាពលរដ្ឋអំពីជនបរទេសមួយចំនួនធំ តែងតែចេញចូលផ្ទះនោះ ជាមួយនឹងសកម្មភាពគួរឱ្យសង្ស័យ។ ក្នុងអំឡុងពេលឆែកឆេរនោះ នគរបាលបានរកឃើញថា ភូមិគ្រឹះនោះគឺជាគម្របមុខ សម្រាប់មជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ។

យោងតាមលោកឧត្តមសេនីយ៍ទោ Phanthana Nuchanart អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ថៃ បានឱ្យដឹងថា ជនសង្ស័យចំនួន ១៥ នាក់ត្រូវបានចាប់ខ្លួននៅភូមិគ្រឹះនោះ រួមមានជនជាតិថៃម្នាក់ និងជនបរទេស ១៤ នាក់ មកពីប្រទេសជប៉ុន ចិន តៃវ៉ាន់ និងមីយ៉ាន់ម៉ា។

គួរជម្រាបជូនថា ភូមិគ្រឹះនេះត្រូវបានដាក់ជួលតាមរយៈជនជាតិថៃម្នាក់ ដោយធ្វើសកម្មភាពជំនួសមុខឱ្យម្ចាស់ផ្ទះដែលជាជនជាតិចិន ក្នុងតម្លៃរហូតដល់ ៩០០ ០០០បាត (ប្រហែល ២៨ ០០០ដុល្លារ) ក្នុងមួយខែ។ ក្រុមនេះអាចនឹងប្រើប្រាស់ផ្ទះនេះដើម្បីជាមជ្ឈមណ្ឌលសម្រាប់អំពើឆបោករបស់ពួកគេអស់រយៈពេលជាងមួយឆ្នាំមកហើយ៕​