ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងកោះ Greenland បានឈានដល់កិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការការគ្រប់គ្រងជាអចិន្ត្រៃយ៍លើសន្តិសុខរបស់កោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីពេលថ្មីៗនេះថា ៖” សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងជាមួយដាណឺម៉ាក និងGreenland។ ក្រោមកិច្ចព្រមព្រៀងនេះ យើងមានការគ្រប់គ្រងជាអចិន្ត្រៃយ៍លើសន្តិសុខ និងតម្រូវការផ្សេងៗទៀតទាំងអស់នៅក្នុងកោះដ៏ធំបំផុតមួយនេះ។ ដោយឆ្លើយតបទៅនឹងការព្រួយបារម្ភទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិកនឹងមិនចំណាយប្រាក់សូម្បីតែមួយកាក់មួយសេនឡើយ”។
យ៉ាងណាមិញ បើតាមការលើកឡើងរបស់លោក ត្រាំ នេះ មានន័យថាចាប់ពីពេលនេះតទៅគ្មានដៃគូប្រជែងរបស់សហរដ្ឋអាមេរិកណាមួយ ត្រូវបានអនុញ្ញាតឱ្យបង្កើតមូលដ្ឋាន បញ្ជូនកងកម្លាំងយោធា ឬការវិនិយោគលើវិស័យដែលផ្តល់ភាពអសន្តិសុខនៅក្នុងលើកោះ Greenland ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីទីក្រុងវ៉ាស៊ីនតោនបាននោះឡើយ។
មិនតែប៉ុណ្ណោះ ត្រាំ បានឱ្យដឹងទៀតថា អាមេរិកនឹងចាប់ផ្តើមបង្កើតកងកម្លាំងយោធាទំហំធំភ្លាមៗនៅតំបន់សមស្របក្នុងកោះ Greenland និងធ្វើការសម្របសម្រួលជាមួយប្រជាជនក្នុងស្រុកក្នុងដំណើរការនេះ។ លោកបានពណ៌នាថា នេះជាដំណោះស្រាយដែលមានផលប្រយោជន៍សម្រាប់អាមេរិក ដាណឺម៉ាក Greenland និងប្រទេសជាសម្ព័ន្ធមិត្ត។
លើសពីនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃដដែលនោះបានថ្លែងថា កិច្ចព្រមព្រៀងរវាងដាណឺម៉ាក Greenland និងអាមេរិក ស្តីពីការបង្កើនសន្តិសុខនៅលើកោះស្វយ័តនេះ គឺជារឿងល្អសម្រាប់អង្គការ NATO និងអឺរ៉ុប. លោកស្រីបានបន្ថែមថា ឯកសារនេះត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខានៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនានាសប្តាហ៍ក្រោយនៅអាមេរិក៕

