ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសហាមឃាត់បណ្តាញសារព័ត៌មាន CNN, MS NOW និង Politico មិនឱ្យធ្វើសកម្មភាពនៅក្នុងវិមានសេតវិមានទៀតនោះឡើយ ដោយចោទប្រកាន់ពួកគង់ថាបានផ្សព្វផ្សាយ “ព័ត៌មានភូតភរ (Fake News)” អំពីរដ្ឋបាលរបស់លោក។ នេះបើតាមការចុះផ្សាយពី AFP។

លោក ត្រាំ បានបង្ហោះសារមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ខែកញ្ញា ថា៖ “ខ្ញុំមានមោទនភាពក្នុងការប្រកាសពីការហាមឃាត់បណ្តាញព័ត៌មានភូតភរ CNN, MS NOW និង Politico នៅក្នុងសេតវិមាន។ សេចក្តីសម្រេចនេះមានប្រសិទ្ធភាពភ្លាមៗ”។
គួរឲ្យដឹងថា ទោះបីជាមេដឹកនាំវិមានសេតវិមានរូបនេះមិនបានបញ្ជាក់ច្បាស់ពីមូលហេតុជាក់លាក់ដែលនាំឱ្យមានសេចក្តីសម្រេចនេះក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាបណ្តាញសារព័ត៌មានមិនត្រូវ បានអនុញ្ញាតឱ្យសរសេរ ឬរាយការណ៍ព័ត៌មានប្រឌិត និងមិនពិតជាបន្តបន្ទាប់អំពីប្រធានាធិបតីសហរដ្ឋអាមេរិកនោះឡើយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ក៏បានប្រកាសគាំទ្រការហាមឃាត់ថ្មីនេះរបស់លោក ត្រាំ ផងដែរ ដោយបានចោទប្រកាន់បណ្តាញព័ត៌មានទាំងនោះថា បានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គលិកយោធា តាមរយៈអត្ថបទរបស់ពួកគេ ទោះបីជាលោក Hegseth មិនបានបញ្ជាក់ថាជាអត្ថបទមួយណាក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណា ភាគី CNN បានពិពណ៌នាអំពីការហាមឃាត់របស់ប្រធានាធិបតីថាជាអំពើខុសច្បាប់ ដោយបញ្ជាក់ថា ការរាយការណ៍របស់ខ្លួនគឺយុត្តិធម៌ មានទ្រង់ទ្រាយត្រឹមត្រូវ និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ចំណែកឯ Politico បានថ្លែងថា ខ្លួននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសេរីភាពសារព័ត៌មានដែលត្រូវបានធានាដោយវិសោធនកម្មទីមួយ (First Amendment)៕

