ឧកញ៉ា ចាន់ សុឃាំង ចូលរួមពិធីចុះ MoU រវាងក្រុមហ៊ុន Signature Rice & Heritage Group និង PT ESGIN Global Partners

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ​ Signature of Asia Co Ltd និង Heritage Group កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញ​ចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាង Signature Rice & Heritage Group និង PT ESGIN Global Partners ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជាឱ្យមានចីរភាព បរិយាបន្ន និងតម្លៃបន្ថែមខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Heritage Group បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះផ្តោតលើការបង្កើនតម្លៃបន្ថែមដល់កសិករ កាត់បន្ថយកាកសំណល់កសិកម្ម ជំរុញការអនុវត្តការកែច្នៃស្រូវបៃតង និងកាត់បន្ថយការបំភាយកាបូន តាមខ្សែសង្វាក់តម្លៃស្រូវ-អង្ករ។

សូមជម្រាបថា ក្រុមហ៊ុន Signature Rice & Heritage Group ជាក្រុមហ៊ុនផ្តោតលើវិស័យកសិកម្ម និងការនាំចេញអង្ករឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះកែច្នៃ និងនាំចេញអង្ករកម្ពុជាដែលមានគុណភាពខ្ពស់ ទាំងសរីរាង្គ (Organic) អង្ករធម្មតា អង្ករប្រណិតៗ ទៅកាន់ទីផ្សារអឺរ៉ុប អាហ្វ្រិក និងអាស៊ី។

ក្រុមហ៊ុន PT ESGIN Global Partners ជាក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចបៃតង (Green Project Investor) ឈរជើងនៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង Blockchain (តាមរយៈ ESGIN Token) ដើម្បីបង្កើតប្រព័ន្ធវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់លើការកាត់បន្ថយការកាបូន៕