យោងតាមតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីវិស័យបច្ចេកវិទ្យាកំពូលៗរបស់ចិនចំនួន ៤រូប ទទួលបានប្រាក់ចំណេញប្រចាំថ្ងៃច្រើនបំផុត ដោយមានចំនួនសរុបបញ្ចូលគ្នាជាង ៤ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្នុងចំណោមនោះ លោក Robin Zeng ស្ថាបនិកក្រុមហ៊ុនយក្សផលិតថ្មធំជាងគេបំផុតរបស់ចិន CATL គឺជាបុគ្គលដែលមានកំណើនទ្រព្យសម្បត្តិប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោកកាលពីថ្ងៃចន្ទ ដោយទ្រព្យសម្បត្តិរបស់លោកកើនលើងប្រមាណ ១,៤ពាន់លានដុល្លារ ឬ ៣,៥៩% ធ្វើឲ្យចំនួនសរុបកើនដល់ប្រមាណ ៤០,៥ពាន់លានដុល្លារ។
បន្ទាប់មកគឺលោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Nongfu Spring ខណៈទ្រព្យសម្បត្តិរបស់លោកកើនឡើង ១,៤ពាន់លានដុល្លារ ឬ ២,៣២% បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៦២,៨ពាន់លានដុល្លារ ។
ទន្ទឹមនឹងនេះ លោក Ma Huateng សហស្ថាបនិកក្រុមហ៊ុន Tencent ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ១,១ពាន់លានដុល្លារ ដែលធ្វើឱ្យចំនួនទ្រព្យសម្បត្តិសរុបកើនដល់ប្រហែល ៤២,៦ពាន់លានដុល្លារ។
ចំណែកលោក Lei Jun ស្ថាបនិកក្រុមហ៊ុនផលិតស្មាតហ្វូន និងរថយន្តអគ្គិសនី Xiaomi ទទួលបានប្រាក់ចំណេញ ៨៧៩,៧លានដុល្លារ ដែលធ្វើឱ្យទ្រព្យសម្បត្តិសរុប កើនឡើងដល់ ២២,២ពាន់លានដុល្លារ។ រីឯចំណាត់ថ្នាក់ចុងក្រោយ គឺលោក Yi Zheng ប្រធានក្រុមហ៊ុនផ្តល់ Hithink RoyalFlush ទទួលប្រាក់ចំណេញ ៧៣៩,៤លានដុល្លារ និងធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ៩,១ពាន់លានដុល្លារ៕

