ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ០៩:៥៤នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

ក្នុងបេសកកម្មចុះសង្កេតការណ៍នេះ ក្រុមការងារអាស៊ានបានពិនិត្យឃើញដោយផ្ទាល់នូវទីតាំងដែលកងកម្លាំងយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន ០២គ្រឿង ក្នុងចម្ងាយប្រមាណត្រឹមតែ ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមអ្នកសង្កេតការណ៍កំពុងឈរជើង។ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក យោធាថៃបានបន្តធ្វើសកម្មភាពដាក់ទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ភូមិជោគជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣,៩៥១នាក់ ស្មើនឹង ១,០៤៥គ្រួសារ (ក្នុងនោះមានកុមារ ១,១៥៥នាក់) នៅតែមិនទាន់អាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញបាននៅឡើយ។
ក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា វត្តមាន និងការពិនិត្យផ្ទៀងផ្ទាត់ផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅទីតាំងកើតហេតុ បានបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់មនុស្សធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈម។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះបានគូសរំលេចពីភាពចាំបាច់ជាដាច់ខាតក្នុងការជំរុញឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាឱ្យពលរដ្ឋស្លូតត្រង់អាចវិលចូលលំនៅដ្ឋានវិញដោយសុវត្ថិភាព កិត្តិយស និងគ្មានការរារាំង។
កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធាឡើយ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) សន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនជាប្រវត្តិសាស្ត្រ។
ជាចុងក្រោយ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ និងសុចរិត ក្នុងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្តារប្រក្រតីភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស៕







