អ៉ីរ៉ង់ អះអាងថាមានទុនបម្រុងប្រាក់បរទេសគ្រប់គ្រាន់ ទោះរងទណ្ឌកម្មធ្ងន់ធ្ងរពីអាមេរិក

អន្តរជាតិ

អភិបាលធនាគារកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ថ្មីៗនេះបានប្រកាសថា ប្រទេសរបស់ខ្លួនមានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញសាច់ប្រាក់រហូតដល់ ២ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារ ដើម្បីកាត់បន្ថយភាពប្រែប្រួលនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១ ខែកញ្ញាថា៖ “ខ្ញុំចង់ប្រាប់ដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់មានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់”។

លោក Hemmati បានថ្លែងទៀតថា ធនាគារកណ្តាលអ៊ីរ៉ង់កំពុងបន្តទារបំណុលជារូបិយប័ណ្ណបរទេស ព្រមទាំងមានទុនបម្រុងក្នុងស្រុក និងប្រភពធនធានផ្សេងទៀត ប៉ុន្តែព័ត៌មានលម្អិតនៃធនធានទាំងនេះមិនអាចទម្លាយឲ្យដឹងបានឡើយ។ លោកបានបន្ថែមថា ធនាគារកណ្តាល បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញសាច់ប្រាក់រហូតដល់ ២ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណបរទេស ដើម្បីកាត់បន្ថយភាពប្រែប្រួលនាពេលថ្មីៗនេះ។

យ៉ាងណាមិញ ជុំវិញការលើកឡើងនេះ បានកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានលើកឡើងថា ទីក្រុងតេអេរ៉ង់ កំពុងឆ្លើយតបដោយសកម្មភាពយោធា ដោយសារតែខ្លួនកំពុងបរាជ័យនៅក្នុងសង្គ្រាមសេដ្ឋកិច្ច។

គួរជម្រាបចូនថា ក្នុងពេលថ្មីៗនេះ​ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ព្រមទាំងបានព្រមានថា អ្នកដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងប្រឈមមុខនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិកជាមិនខាន៕​