ប្រទេសរុស្ស៊ី បានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនស្វីសចំនួនមួយ និងអាជីវកម្មរបស់បារាំងចំនួនបីផ្សេងទៀត ដោយចាត់ទុកថាប្រទេសដែលមិនរាក់ទាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ ដោយនឹងផ្ទេររាល់ប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីរបស់ក្រុមហ៊ុនម្ហូបអាហារខ្នាតយក្សស្វ៊ីស Nestle, ក្រុមហ៊ុនលក់រាយបារាំង Auchan, និងខ្សែសង្វាក់ផ្សារទំនើប Lemana Proទៅឲ្យក្រុមហ៊ុន LEV Management ជាអ្នកកាន់កាប់ជំនួសវិញ។ ច្បាប់នេះក៏អនុវត្តចំពោះក្រុមហ៊ុនទំនិញចម្រុះបារាំង FM Logistic ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរុស្ស៊ីផងដែរ។
យ៉ាងណាមិញ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ “កត្តាមួយក្នុងចំណោមកត្តាដែលត្រូវបានពិចារណានៅពេលធ្វើការសម្រេចចិត្តនេះ គឺថាពួកគេជាប្រទេសមិនរាប់អាន ពួកគេចូលរួមយ៉ាងសកម្មបំផុតនៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ី”។
តែទោះជាយ៉ាងណាក ក្រសួងការបរទេសបារាំង និងក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការសម្រេចចិត្តរបស់រុស្ស៊ី និងបានអំពាវនាវឱ្យលុបចោលការសម្រេចចិត្តនេះវិញ។
ការរឹបអូសទ្រព្យសម្បត្តិនេះ គឺជាចំណាត់ការចុងក្រោយបង្អស់របស់រុស្ស៊ី ដែលតម្រង់ទិសដៅលើអាជីវកម្មលោកខាងលិច ដើម្បីជាការសងសឹកចំពោះវិធានការទណ្ឌកម្មជាបន្តបន្ទាប់ដែលខ្លួនបានជួបប្រទះពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។
ជម្រាបជូនថា ក្រុមហ៊ុនលោកខាងលិចភាគច្រើនបានលក់ចេញនូវអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះក្នុងឆ្នាំ២០២២ ដោយសារតែទណ្ឌកម្មបានធ្វើឱ្យការជួញដូរទំនិញភាគច្រើនជួបការលំបាក។ អាជីវកម្មមួយចំនួនបានជ្រើសរើសបន្តនៅ ប៉ុន្តែជាទូទៅបានកាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំង៕

