មហាសេដ្ឋីគ្រាក់ៗរបស់អាមេរិក កំពុងដណ្តើមគ្នាយកសំបុត្រចូលរួមពិធីជប់លៀងស្វាគមន៍លោកប្រធាន ស៊ី

អន្តរជាតិ

មហាសេដ្ឋីអាមេរិកជាច្រើន កំពុងព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានកៅអីមួយនៅក្នុងពិធីលៀងសាយភោជន៍ផ្លូវការស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មពិធីទទួលបដិសណ្ឋារកិច្ចនៅសេតវិមានសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងពេលដ៏ខ្លីខាងមុខនេះ កំពុងក្លាយជា “សំបុត្រដែលមានតម្លៃថ្លៃបំផុត” នៅទីក្រុងវ៉ាស៊ីនតោននាពេលនេះ ខណៈពេលដែលកំពូលអ្នកជំនួញផ្នែកបច្ចេកវិទ្យា និងអ្នកគ្រប់គ្រងមូលនិធិនានាកំពុងប្រកួតប្រជែងគ្នាដើម្បីទទួលបានការគាំទ្រពីសំណាក់ ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបានកៅអីមួយនៅតុអាហារ។

យ៉ាងណាមិញ​ បើយោងតាមកាសែត The NY Post ដោយផ្អែកលើប្រភពដែលស្និទ្ធនឹងរឿងនេះ បានរាយការណ៍ថា បុគ្គលសំខាន់ៗដែលបានរួមដំណើរជាមួយលោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភា ដូចជាមហាសេដ្ឋី Elon Musk, ថ្នាក់ដឹកនាំក្រុមហ៊ុន Nvidia លោក Jensen Huang, លោក Stephen Schwarzman មេធំក្រុមហ៊ុន Blackstone និងលោកស្រី Dina Powell នាយកប្រតិបត្តិក្រុមហ៊ុន Facebook សុទ្ធតែកំពុងប្រកួតប្រជែងគ្នាដើម្បីទទួលបានលិខិតអញ្ជើញចូលរួមពិធីជប់លៀងនាថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។

គួរជម្រាបជូនថា ភាពតានតឹងរវាងអាមេរិក និងចិនកំពុងកើនឡើង ខណៈពេលដែលភាគីទាំងពីរកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមតំណែងនាំមុខគេលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទីក្រុងប៉េកាំងព្រួយបារម្ភថាការបន្ធូរបន្ថយការគ្រប់គ្រងលើ AI របស់វ៉ាស៊ីនតោនអាចធ្វើឱ្យបច្ចេកវិទ្យានេះរីកចម្រើនហួសពីការប៉ាន់ស្មាន ខណៈពេលដែលអាមេរិកតែងតែបារម្ភថាចិនអាចចម្លងបច្ចេកវិទ្យាជឿនលឿនរបស់ខ្លួន៕​