មន្រ្តីជាន់ខ្ពស់មកពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើការស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានស្នើបែបនេះ នៅក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេស ដែលរៀបចំឡើងនៅខេត្តស្វាយរៀង កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចែករំលែកបទពិសោធន៍និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនងនិងសាមគ្គីភាពរវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេស សហគ្រាសដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។
លោកក៏បញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។

លោកបន្ថែមថា ការរីកចម្រើននេះគឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ។
លោក ក៏បានបញ្ជាក់សារជាថ្មីពីការបន្តផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រម ៣៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងការធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ។
តាមរយៈពិធីខាងលើ មន្រ្តីជាន់ខ្ពស់ខាងលើ ក៏ឆ្លៀតឱកាសស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ ពិសេសរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ហ្សាលីន

