ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានប្រកាសជ្រើសរើសផ្តល់អាហារូបករណ៍ដល់យុវជន យុវនារីខ្មែរ មកពីគ្រួសារក្រីក្រ ចំនួន ៥០នាក់ ដើម្បីបន្តក្តីស្រមៃក្នុងការសិក្សានៅសាកលវិទ្យាល័យ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីឧកញ៉ា បានលើកឡើងតាមរយៈវីដេអូឃ្លីបថា ក្រុមការងាររបស់លោកស្រីទទួលបានបេក្ខជនដាក់ពាក្យចំនួន ៥៨៩ នាក់។ បច្ចុប្បន្ននេះ ក្រុមការងារជ្រើសរើសបានចំនួន ៨០នាក់ហើយ ប៉ុន្តែនឹងត្រូវជម្រុះយកតែ ៥០នាក់ទេដែលល្អបំផុត ដែលនឹងផ្តល់ឱកាសដល់ប្អូនៗសម្រាប់ការបន្តសិក្សានៅសាកលវិទ្យាល័យ។
លោកស្រីឧកញ៉ា បានបញ្ជាក់បែបនេះថា៖ “ការផ្តល់ជូននេះ គឺផ្តល់អាហារូបករណ៍ដល់សិស្សដែលរៀនពូកែ មានសកម្មភាពល្អក្នុងការជួយសង្គម ជាពិសេសសិស្សមកពីគ្រួសារក្រីក្រជនបទ។ ខ្ញុំនឹងជួយដោយក្តីគោរពស្រឡាញ់ និងពេញបេះដូង ដល់ប្អូនៗចំនួន ៥០នាក់។ ដូច្នេះហើយក្រុមការងាររបស់យើង នឹងបន្តអានពាក្យស្នើសុំរបស់ប្អូនៗ ដើម្បីដឹងថាតើប្អូនៗណាខ្លះស័ក្តិសមនឹងទទួលបានអាហារូបករណ៍នេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយមែនទែន ដែលបានធ្វើកិច្ចការងារនេះ សម្រាប់ប្អូនៗ សង្គមយើង និងប្រទេសយើង ហើយនឹងបន្តជួយទៀត នាថ្ងៃអនាគត។ សូមប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានសកម្មថែមទៀត ដើម្បីរួមចំណែកជួយប្រទេសកម្ពុជាយើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”។
សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕




