ក្រុមហ៊ុន Amon World Communications គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងដោយប្រើបច្ចេកវិទ្យាជប៉ុននៅកម្ពុជា ដែលនឹងរួមចំណែកពង្រឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុនបានលើកឡើងថា រោងចក្រនេះនឹងផលិតខ្សែភ្លើងគុណភាពខ្ពស់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពរបស់ជប៉ុន ព្រមទាំងផ្ទេរចំណេះដឹងផ្នែកត្រួតពិនិត្យគុណភាព សុវត្ថិភាពអគ្គិសនី និងបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជា។
ក្រុមហ៊ុនក៏បានស្នើកិច្ចសហការជាមួយក្រសួងលើការងារស្តង់ដា ការធ្វើតេស្តផលិតផល និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍គម្រោងវិនិយោគនេះ និងបានលើកឡើងថា៖ “កម្ពុជាមិនត្រឹមតែចង់ផលិតជំនួសទំនិញនាំចូលមួយចំនួនប៉ុណ្ណោះទេ យើងចង់ក្លាយជាប្រទេសដែលអាចផលិត នាំចេញ និងមានការទទួលស្គាល់ជាអន្តរជាតិ។”លោកបានបន្តថា ក្រសួងអាចគាំទ្រដល់គម្រោងវិនិយោគនេះ រួមទាំងដំណើរការបង្កើតរោងចក្រ ការអភិវឌ្ឍស្តង់ដា ការធ្វើតេស្តផលិតផល ការផ្ទេរបច្ចេកវិទ្យា និងការភ្ជាប់ក្រុមហ៊ុនជាមួយអ្នកទិញសក្តានុពល ដូចជារោងចក្រដំឡើងយានយន្ត និងក្រុមហ៊ុនផលិតផលិតផលអគ្គិសនី និងអេឡិចត្រូនិកជាដើម។
លោករដ្ឋមន្ត្រីបានបន្ថែមថា ខ្សែភ្លើងដែលផលិតក្នុងស្រុក និងស្របតាមស្តង់ដាអន្តរជាតិ អាចផ្គត់ផ្គង់ដល់វិស័យយានយន្ត និងឧស្សាហកម្មដែលកំពុងរីកចម្រើននៅកម្ពុជា ព្រមទាំងមានសក្តានុពលនាំចេញទៅកាន់ទីផ្សារក្នុងតំបន់។

សូមជម្រាបដែរថា រួមដំណើរជាមួយគណៈប្រតិភូនេះ ក្រុមហ៊ុនដៃគូមួយទៀត គឺ JCI Lab ក៏បានស្នើនាំក្រុមហ៊ុនពីប្រទេសចិន និងជប៉ុនមកចូលរួមពិព័រណ៍ឧស្សាហកម្មនៅកម្ពុជា។ JCI Lab បានស្នើនាំយកបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Zelos មកកម្ពុជានៅតាមទីតាំងដែលមានការគ្រប់គ្រង ដូចជា រោងចក្រ កំពង់ផែ ឬតំបន់សេដ្ឋកិច្ចពិសេស។
ក្រុមហ៊ុន AMON បានបើកការិយាល័យនៅកម្ពុជាកាលពីខែសីហា និងគ្រោងបង្កើតរោងចក្ររបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៧។ ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុនជប៉ុន Nichigoh Communication Electric Wire Co., Ltd. ដែលផលិតខ្សែភ្លើង និងខ្សែកាបផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិមួយចំនួន៕ អត្ថបទ៖ហ្សាលីន

