ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ដំណឹងល្អសម្រាប់បងប្អូនកម្មករ កម្មការិនីទូទាំងប្រទេស ដោយចាប់ពីខែមេសា តទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូបក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

ជាលទ្ធផល អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

ឆ្លើយតបនឹងការសម្រេចនេះ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនិងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានាដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈសំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលនិងថ្លែង អំណរគុណដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេសនិងចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។

ទន្ទឹមនឹងនោះ តំណាងភាគីកម្មករនិយោជិតក៏សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួមឬរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការឬរស់នៅប្រចាំថ្ងៃរបស់បងប្អូននិងក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕