អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចតែងតាំង លោកជំទាវ អ្នកឧកញ៉ា តាំង ហ្គិចលៀង អគ្គនាយិកា ក្រុមហ៊ុន អេច អិល គ្រុប ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

គួររំឭកថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។
សូមជម្រាបថា លោកជំទាវ អ្នកឧកញ៉ា តាំង ហ្គិចលៀង ជាប្រធានក្រុមហ៊ុន អេច អិល គ្រុប (H&L Group Co.,LTD) និងជាទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)» សម្រាប់អាណត្តិទី៥ ផងដែរ។ ជានិច្ចកាល លោកជំទាវតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួន ព្រមទាំងកម្លាំងកាយ និងកម្លាំងចិត្តជាច្រើន ជួយកិច្ចការងារសង្គម៕




