លោក Kim Jin-pyo អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានសង្កេតឃើញថា អ្នកវិនិយោគរបស់កូរ៉េ ចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្ថែមទៀត។

លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាកាលកាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយសម្តេច តេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងកិច្ចសហការដ៏មានសារៈសំខាន់។ សម្ដេចតេជោ ក៏បានស្វាគមន៍ លោក Kim Jin-pyo ជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ ខណៈសម្ដេច ចាត់ទុកដំណើរមកកាន់កម្ពុជា គឺជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោក Kim Jin-pyo បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េនៅពេលបច្ចុប្បន្ន កំពុងតែមានភាពល្អប្រសើរ ហើយសង្ឃឹមថា អ្នកទេសចររបស់កូរ៉េ នឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ លោកក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េ ចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចតេជោ ក៏បង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោក Kim Jin-pyo ជាពិសេសសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើន។ បន្ថែមពីលើនេះសម្ដេចតេជោក៏ជំរុញឱ្យអតីតប្រធានរដ្ឋសភារូបនេះ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនផងដែរ៕អត្ថបទ៖ហ្សាលីន

