ខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល សម្រាប់គម្រោង ចំនួន ៤១២ ក្រោមទុនវិនិយោគប្រមាណ ៧ ៩០០ លានដុល្លារអាមេរិក។នេះបើយោងតាមកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ កាលទី ២៥ ខែធ្នូ ឆ្នាំ ២០២៥។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល សម្រាប់គម្រោងវិនិយោគ ចំនួន ៤១២ ជាមួយទុនវិនិយោគប្រមាណ ៧ ៩០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤-២០២៥ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

លោកបន្តថា ក្នុងរយៈពេល ២ ឆ្នាំ គឺ ២០២៤-២០២៥, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។
លោកបន្តទៀតថា ដោយឡែក ក្នុងឆ្នាំ ២០២៥, ក្រុមការងារ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើ វិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។

សូមជម្រាបជូនថា សម្រាប់រយៈពេល ២ ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%, និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨% ៕ អត្ថបទ៖ហ្សាលីន

