អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ចកាតា ក្រោមការរៀបចំ​ពិសេស​អមមហាសន្និបាត​អង្គការ​សហប្រជាជាតិ (UNGA) ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក

ជុំវិញ​ឧកញ៉ា

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ – អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួមក្នុង វេទិកាសេដ្ឋកិច្ចកាតា Bloomberg (Qatar Economic Forum – QEF) Special Edition 2026 ដែលបានប្រព្រឹត្តទៅ​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Plaza ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបាន​ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជុំវិញពិភពលោក រួមមាន រដ្ឋមន្ត្រីរាជរដ្ឋាភិបាល ប្រធាន​មូល​និធិវិនិយោគរបស់រដ្ឋ (SWF) ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពលោក និងនាយកប្រតិបត្តិ​នៃក្រុមហ៊ុនឈានមុខគេនានា ដើម្បីពិភាក្សាលើការកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោក។

ក្នុងចំណោមអ្នកចូលរួម ក្នុងនោះយើងឃើញមានវត្តមាននៃការអញ្ជើញចូលរួមរបស់ លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg L.P. និង Bloomberg Philanthropies, ឯកឧត្តម Sheikh Mohammed bin Abdulrahman bin Jassim Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេសនៃរដ្ឋកាតា, លោកស្រី Jane Fraser ប្រធាន និងនាយកប្រតិបត្តិនៃធនាគារ Citi និងលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កិច្ចពិភាក្សាក្នុងវេទិកានេះបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ការពង្រឹងលើការដឹកជញ្ជូន​តាមឈូងសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់ ការកៀរគរមូលធនសម្រាប់ការវិនិយោគរយៈពេលវែង និងយុទ្ធសាស្ត្រ​ដែលរដ្ឋាភិបាលអាចអនុវត្ត ដើម្បីកសាងជាតិឱ្យមានភាពរឹងមាំ និងមានសមត្ថភាព​ប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ប្រធានបទទាំងនេះក៏ស្របទៅនឹងចក្ខុវិស័យ និងទិសដៅ​យុទ្ធសាស្ត្រ​របស់ WorldBridge Group ដែលកំពុងផ្តោតលើការវិនិយោគក្នុង​គម្រោងហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងៗ ដើម្បីរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងតំបន់។


ការចូលរួមរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងញូរយ៉កនេះ បានឆ្លុះបញ្ចាំង​ពីការកើនឡើងនៃភាពលេចធ្លោរបស់កម្ពុជា នៅលើឆាកសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់ក្រុមហ៊ុន WorldBridge Group ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ​ដ៏គួរឱ្យទុកចិត្ត​សម្រាប់វិនិយោគិន និងស្ថាប័នអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន WorldBridge Group នឹងបន្តចូលរួមក្នុងវេទិកាអន្តរជាតិសំខាន់ៗនានា ដើម្បីពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកក្នុងការកំណត់ទិសដៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់ប្រកបដោយចីរភាព៕