ស្ពានបច្ចេកវិទ្យាថ្មី! CambodiaTrade.com ចាប់ដៃគូជាមួយ La French Tech ជួយលើកស្ទួយអាជីវកម្មកម្ពុជាទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ឱកាសដ៏រំភើបថ្មីមួយសម្រាប់បងប្អូនសហគ្រិន និងធុរកិច្ចថ្មីនៅកម្ពុជា ដោយនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦នេះ ស្ថាប័ន La French Tech Phnom Penh និង CambodiaTrade.com បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយដ៏សំខាន់។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតជាបណ្តាញតភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ធុរកិច្ចថ្មី (Startups) រួមទាំងអ្នកនាំចេញរបស់កម្ពុជា ឱ្យមានឱកាសជួបជាមួយអ្នកជំនាញបច្ចេកវិទ្យា ក្រុមហ៊ុនធំៗ និងវិនិយោគិនលំដាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានប្រកាសឡើងនៅក្នុងប្រារព្ធវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី ៣ និងពិព័រណ៍អនឡាញនៅមជ្ឈមណ្ឌលកោះពេជ្រ អ៊ិចស្ពូ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចុះហត្ថលេខាផ្ទាល់ពីលោក Thierry Tea សហប្រធាន La French Tech Phnom Penh និងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមដឹងឮពីសំណាក់ឯកអគ្គរដ្ឋទូតនៃប្រទេសធំៗដូចជា ចក្រភពអង់គ្លេស ម៉ាឡេស៊ី កាណាដា តំណាងស្ថានទូតអាមេរិក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។

នៅក្នុងកិច្ចសហការនេះ ភាគីទាំងពីរនឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ ដោយ CambodiaTrade.com នឹងជួយផ្តល់វេទិកានិងទីផ្សារសម្រាប់ផលិតផលខ្មែរ ចំណែកឯ La French Tech Phnom Penh នឹងជួយនាំយកបច្ចេកវិទ្យាឌីជីថល និងបណ្តាញទំនាក់ទំនងជាមួយទីផ្សារបារាំង អឺរ៉ុប និងអន្តរជាតិ។

លោក Thierry Tea សហប្រធាន La French Tech Phnom Penh បានមានប្រសាសន៍ថា «គោលបំណងរបស់យើងគឺកសាងស្ពានអនុវត្តជាក់ស្តែងវាងប្រទេសកម្ពុជា និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍អន្តរជាតិ។ តាមរយៈការបញ្ចូលគ្នានូវវិសាលភាពរបស់ CambodiaTrade.com ក្នុងចំណោមអាជីវកម្មកម្ពុជាជាមួយនឹងទេពកោសល្យ ជំនាញឌីជីថល និងបណ្តាញអន្តរជាតិរបស់ La French Tech Phnom Penh យើងអាចបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនកម្ពុជា ខណៈពេលដែលក៏បើកប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាដល់ដៃគូបារាំង និងអន្តរជាតិផងដែរ»។

ជំហានដំបូងនៃ MOU នេះ គឺស្ថាប័នទាំងពីរនឹងចាប់ផ្តើមស្វែងរកវិស័យអាទិភាព និងគំនិតផ្តួចផ្តើមជាក់ស្តែងរួមគ្នា។ ទៅថ្ងៃមុខ ភាគីទាំងពីរមានគម្រោងបង្កើតកម្មវិធីល្អៗជាច្រើនទៀត ដូចជាការផ្គូរផ្គងអាជីវកម្ម ការជួយរុញច្រានអាជីវកម្មខ្មែរទៅទីផ្សារក្រៅប្រទេស ការចែករំលែកចំណេះដឹងឌីជីថល និងការនាំសហគ្រិនកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិធំៗ ដូចជា FrancoTech ជាដើម៕