និយ័តករមូលបត្រកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុន Binance Capital Management

សង្គម​និង​សេដ្ឋកិច្ច

នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង «ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និង ក្រុមហ៊ុន Binance Capital Management Co., Ltd.»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្រុមហ៊ុន Binance នឹងផ្តល់ប្រឹក្សាយោបល់ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស រួមបញ្ចូលទាំងដំណើរការនិងប្រព័ន្ធជួញដូរ និងសុវត្ថិភាពទ្រព្យឌីជីថលដល់ និយ័តករមូលបត្រកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មទ្រព្យឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះក្រុមហ៊ុន Binance នឹងចូលរួមសហការជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងការចែករំលែកចំណេះដឹងបច្ចេកវិទ្យាពាក់ព័ន្ធនឹងប្រតិបត្តិការទ្រព្យឌីជីថល ធ្វើការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យពីវិស័យទ្រព្យឌីជីថលនេះដល់វិនិយោគិននៅក្នុងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។

តាមការបញ្ជាក់របស់ និយ័តករមូលបត្រកម្ពុជា មកទល់បច្ចុប្បន្ន និយ័តករមូលបត្រកម្ពុជា មិនទាន់ផ្តល់ជាអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថលនេះនៅឡើយទេ ដោយ និយ័តករមូលបត្រកម្ពុជា ត្រូវរៀបចំនូវបទប្បញ្ញត្តិ និងការងារគ្រប់គ្រងវិស័យនេះឱ្យបានច្បាស់លាស់ជាមុនសិន។ ដូច្នេះ គ្មានក្រុមហ៊ុនណាមួយនៅ កម្ពុជា ដែលអាចធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៅឡើយទេ។

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Binance បានធ្វើបទបង្ហាញទៅលើប្រធានបទមួយចំនួន ដូចជា បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ ការរីកចំរើននៃបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលនៅអាស៊ីអាគ្នេយ៍, ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលក្នុងវិស័យរដ្ឋាភិបាល, និយ័តកម្មក្នុងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល យុទ្ធសាស្ត្រគោលនយោបាយ និងករណីប្រើប្រាស់ជាក់ស្តែង និងការបណ្តុះបណ្តាលនិងកម្មវិធីសប្បុរសធម៌ពាក់ព័ន្ធបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលផងដែរ៕