រដ្ឋាភិបាល ប្តេជ្ញាការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា ប្រកបដោយភាពធន់និងចីរភាព

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា ប្រកបដោយភាពធន់និងចីរភាព។ នេះបើយោងតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតនោះ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។

សម្តេចធិបតី បន្តថា តាមរយៈទិវានេះ គឺបានបង្ហាញពីការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅ បម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

ឈរលើស្មារតីនេះ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្តនិងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។

បច្ចុប្បន្ន សម្តេចធិបតី បានសង្កត់ធ្ងន់ថា បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ គួរជាទីមោទនៈលើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផលអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាព របស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត។

ជាក់ស្តែង នៅឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានខិតខំជម្នះបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់និងសកលលោក ដែលកើតឡើង ជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ចំពោះវិបត្តិនានាទាន់ពេលនិងចំទិសដៅផងដែរ៕ អត្ថបទ៖ហ្សាលីន