លោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា និងន័រវែស នាពេលកន្លងមក។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះន័រវែស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈការផ្តល់ជំនួយលើ វិស័យនានាដូចជា ការបោសសំអាតមីន សាលាក្តីខ្មែរក្រហម ការអភិវឌ្ឍប្រកបដោយចីរភាព។ល។
ភាគីទាំងពីរប្តេជ្ញាចិត្តរួមគ្នាក្នុងកាធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕




