លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃលោហធាតុគ្រប់ប្រភេទ លើផ្ទៃដីទំហំ ៣៧១២៨ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិចំបក់រុន ឃុំដំណាក់រាំង និងភូមិអន្លង់តេ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងនេះវិនិយោគដោយ ក្រុមហ៊ុន XINAN HUAXIN NEW MATERIAL TECHNOLOGY TRADING CO., LTD និងសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា GREEN ASSESSMENT CO., LTD។
ក្រសួងបានបន្ថែមថា កិច្ចប្រជុំនេះមានគោលបំណងធ្វើឱ្យរបាយការណ៍(EIA) មានភាពគ្រប់ជ្រុងជ្រោយតាមបច្ចេកទេស កំណត់វិធានការកាត់បន្ថយផលប៉ះពាល់ឱ្យច្បាស់លាស់ និងធានាថាគម្រោងអាចដំណើរការបានប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន និងសង្គម។

គួរឱ្យដឹងផងដែរថា ខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែបច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១ពាន់កន្លែង មានកម្មករនិយោជិតជាង ២៥ម៉ឺននាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ ម៉ឺននាក់បន្ថែមទៀត៕



