កូរ៉េខាងត្បូង ចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានបង្ហាញការជឿជាក់ថា ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងគួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីជាការផ្លាស់ប្តូរទៅនឹងការបង្កកកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee បានថ្លែងនៅក្នុងបទសម្ភាសមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ពេលត្រូវបានគេសួរអំពីកូរ៉េខាងជើងថា៖ “ការផ្លាស់ប្តូរទណ្ឌកម្ម ដែលមិនសូវមានប្រសិទ្ធភាព កាត់បន្ថយ ឬបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលបាលីស្ទិកឆ្លងទ្វីបបន្ថែមទៀត គឺមានតម្លៃសំខាន់ណាស់”។

ទន្ទឹមនឹងនេះ លោក Lee ក៏បានប្រកែកថា ទោះបីជាកិច្ចព្រមព្រៀងបន្ធូរបន្ថយទណ្ឌកម្មដើម្បីដោះដូរការបង្កកនុយក្លេអ៊ែរ បែបនេះអាចជារឿងដែលមិនអាចទទួលយកបានយ៉ាងណាក៏ដោយ ក៏ពិភពលោកគ្មានជម្រើសជាក់ស្តែងផ្សេងទៀតនោះឡើយ។ យោងតាមមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ការបន្តស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរក្រោមស្ថានភាពបច្ចុប្បន្នពិតជានឹងមិននាំមកនូវលទ្ធផលអ្វីល្អនោះឡើយ។

នៅក្នុងបទសម្ភាសដដែលនោះ លោក Lee បានសម្តែងជំនឿថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាមនុស្សតែម្នាក់គត់ដែលអាចនាំមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រឡប់មកតុចរចាវិញបាន។ មន្ត្រីកូរ៉េខាងត្បូងជឿជាក់ថា លោក ត្រាំ ផ្តល់ឱកាសល្អបំផុតសម្រាប់មេដឹកនាំកូរ៉េខាងជើង ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពសម្រាប់សង្គ្រាមកូរ៉េ ដែលជាសង្គ្រាមមិនដែលបានបញ្ចប់ជាផ្លូវការ និងធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនមានភាពប្រក្រតីឡើងវិញ។

ជម្រាបជូនថា ចាប់តាំងពីកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ មក លោក Lee បានផ្លាស់ប្តូរជំហរម៉ឺងម៉ាត់របស់អតីតប្រធានាធិបតី លោក Yoon Suk-yeol ដោយស្នើឱ្យមានការចរចាជាមួយក្រុងព្យុងយ៉ាងដោយគ្មានលក្ខខណ្ឌសម្រាប់ការផ្សះផ្សាគ្នាឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនឹងការស្នើសុំរបស់លោកនៅឡើយទេ៕​