សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាសមាជិកទាំងអស់ រួមគ្នាគាំទ្រគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបលុបបំបាត់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញលិខិតអំពាវនាវ ដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកទាំងអស់សូមរួមគ្នាគាំទ្រគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាតនូវរាល់ទីតាំង និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប៉ះពាល់ដល់បរិយាកាសធុរកិច្ច ទំនុកចិត្តរបស់វិនិយោគិន និងកិត្តិនាមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការគាំទ្រពីដៃគូអន្តរជាតិសំខាន់ៗ គឺបានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជា ពលរដ្ឋ ប៉ះពាល់ដល់បរិយាកាសធុរកិច្ច ទំនុកចិត្តរបស់វិនិយោគិន និងកិត្តិនាមជាតិ។

ក្នុងស្មារតីទទួលខុសត្រូវចំពោះសង្គម និងការការពារកិត្តិនាមជាតិ សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់ សមាជិកទាំងអស់ ចូលរួមគាំទ្រសន្និសីទអន្តរជាតិនេះ តាមរយៈទម្រង់សមស្របណាមួយដូចជា៖

១. គាំទ្រគោលនយោបាយនិងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

២. ផ្សព្វផ្សាយព័ត៌មាននិងសារផ្លូវការពាក់ព័ន្ធនឹងសន្និសីទតាមបណ្ដាញទំនាក់ទំនងរបស់ក្រុមហ៊ុនឬស្ថាប័នរៀងៗខ្លួន។

៣. ពង្រឹងអភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថា អាជីវកម្ម ទីតាំង និងសេវាកម្មរបស់ខ្លួន មិនពាក់ព័ន្ធ នឹងសកម្មភាពឆបោក ឬសកម្មភាពខុសច្បាប់ណាមួយ។

៤. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពដែលមាន សញ្ញាសង្ស័យ ស្របតាមច្បាប់ជាធរមាន។

ការចូលរួមរបស់សមាជិកសមាគមឧកញ៉ាកម្ពុជា នឹងបង្ហាញពីស្មារតីសាមគ្គីភាព និងភាពជាដៃគូរបស់វិស័យឯក ជនជាមួយរាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច និងរក្សាកិត្តិនាមជាតិ។

អាស្រ័យហេតុនេះ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកសមាគមឧកញ៉ាកម្ពុជាទាំងអស់ មេត្តាចូលរួមគាំទ្រ និងផ្សព្វផ្សាយសារនៃសន្និសីទអន្តរជាតិនេះឱ្យបានផុលផុស ក្នុងស្មារតី «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។