ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២២ ខែកញ្ញាថា លោកគាំទ្រឲ្យមានការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ខណៈពេលដែលទាំងបេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានទាមទារឲ្យមានវិធានការនេះ ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈដែលបានកើនឡើងដល់កម្រិតកំណត់ត្រា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងម៉ាស៊ូតបានស្ទុះឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញពីប្រទេសផលិតប្រេងធំៗមួយចំនួន ដូចជា រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
យ៉ាងណាមិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiyនៅក្នុងកិច្ចប្រជុំកំពូល UN ថា៖ “ខ្ញុំបានលើកឡើងរួចហើយថា កុំបញ្ជូនប្រេងម៉ាស៊ូតចេញទៅក្រៅប្រទេសអី។ យើងចង់ផលិតប្រេងម៉ាស៊ូតឲ្យបានច្រើន។ ហើយខ្ញុំបានស្នើឲ្យពួកគេធ្វើរឿងនេះសម្រាប់ខ្ញុំ”។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ក៏បាននិយាយនៅក្នុងពេលដដែលនោះថា រដ្ឋបាលអាមេរិកកំពុងពិនិត្យមើលថា តើការហាមឃាត់បែបនេះអាចធ្វើទៅបានដែរឬទេ ហើយថា តើការហាមឃាត់ទាំងស្រុង ឬមួយផ្នែកនឹងមានប្រសិទ្ធភាពដែរឬអត់។
គួរជម្រាបជូនផងដែរថា ជុំវិញតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នេះ គឺជាចំណុចខ្សោយដ៏ធំមួយសម្រាប់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ ដែលខាងគណបក្សសាធារណរដ្ឋរបស់លោកកំពុងព្យាយាមរក្សាអាសនៈភាគច្រើននៅក្នុងសភាទាំងពីរ៕

