កម្ពុជា ជួបក្រុមហ៊ុនធំៗចំនួន២ នៅកូតឌីវ័រ ដើម្បីសិក្សាពីបច្ចេកវិទ្យាកែច្នៃស្វាយចន្ទី «គ្មានសំណល់» និងយុទ្ធសាស្ត្រវាយលុកទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូអន្តរក្រសួង-ស្ថាប័នរបស់កម្ពុជា បានបន្តបេសកកម្មសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅពីខ្សែច្រវាក់តម្លៃ និងការបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទីពីក្រុមហ៊ុនធំៗចំនួនពីរ នៅក្នុងប្រទេសកូតឌីវ័រ ដើម្បីយកមកអភិវឌ្ឍ និងជំរុញការនាំចេញរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូ បន្តដំណើរទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ។

នៅក្នុងជំនួបដំបូងជាមួយក្រុមហ៊ុន SODEFORCE នាទីក្រុងយ៉ាមូស៊ូក្រូ គណៈប្រតិភូបានស្វែងយល់ពីការបង្កើនតម្លៃបន្ថែមដល់ផ្លែស្វាយចន្ទី ការអភិវឌ្ឍផលិតផលថ្មី និងការអភិវឌ្ឍទីផ្សារក្នុងស្រុក។ តំណាងក្រុមហ៊ុនបានបង្ហាញយ៉ាងលម្អិតអំពីដំណើរការកែច្នៃផ្លែស្វាយចន្ទី និងការកែច្នៃអនុផលស្វាយចន្ទីដូចជា ទឹកផ្លែស្វាយចន្ទី ស្រា ទឹកខ្មេះ អាល់កុល ម្សៅច្នៃពីគ្រាប់ស្វាយចន្ទី ចំណីត្រី និងផលិតផលអាហារផ្សេងៗទៀត ដែលធ្វើឡើងស្របតាមគោលការណ៍គ្មានសំណល់។

បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅទីក្រុងអាប៊ីតចាន ដើម្បីជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Olam Food Ingredients ហៅកាត់ថា OFI ក្នុងគោលបំណងស្វែងយល់បន្ថែមពីការលើកទឹកចិត្ត និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន។ ជំនួបជាមួយក្រុមហ៊ុនទីពីរក៏បានផ្តោតសំខាន់លើការគ្រប់គ្រងគុណភាព និងការរៀបចំផលិតផលស្វាយចន្ទីសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

លទ្ធផលនៃទស្សនកិច្ចសិក្សានេះ គឺជាធាតុចូលដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការយកមកអនុវត្ត និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ចាប់តាំងពីការដាំដុះ ការកែច្នៃបង្កើតតម្លៃបន្ថែម រហូតដល់ការស្វែងរកឱកាសពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេសឱ្យកាន់តែទូលំទូលាយ។